news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 23 mars 2017

កម្ពុជា​ ច្រាន​ចោល​របាយការណ៍​​រិះគន់​របស់​ APHR



កម្ពុជា​បាន​ប្រតិកម្ម​តប​និង​​ធ្វើការ​​ច្រាន​ចោល​​របាយការណ៍​ «កណ្តឹង​​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​» នៅ​កម្ពុជា​របស់​​ក្រុម​​​សមាជិក​សភា អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR) ដែល​របាយការណ៍​នេះ​បាន​រិះគន់​ថា​រដ្ឋាភិបាល​បាន​​​ប្រើ​ប្រព័ន្ធ​តុលាការ​ និង​រដ្ឋសភា​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បង្កើត​នូវ «ស្រមោល​​ងងឹត​ពាសពេញ​សង្គម​​កម្ពុជា»។

ក្រសួង​ការបរទេស​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​ដោយ​បាន​ចាត់​ទុក​ក្រុម APHR​ ជា «ក្រុម​តូច​មួយ» នៃ​អតីត និង​សមាជិក​សភា​​បច្ចុប្បន្ន​នៃ​ប្រទេស​អាស៊ាន​ប៉ុណ្ណោះ​គឺ​មិនមែន​ត្រូវ​​បាន​ទទួល​ស្គាល់​ជា​អង្គភាព​​របស់​អាស៊ាន​ឡើយ​ដោយ​អាស៊ាន​មាន​អន្តរសភា​អាស៊ាន (AIPA) គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ស្តីពី​សិទ្ធិ​មនុស្ស (AICHR) ដែល​ក្រសួង​សរសេរ​ថា​មាន ​«តួនាទី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​»។

លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ថា​នេះ​ជា​ការ​វាយតម្លៃ​ដ៏ខ្មៅ​ងងឹត​ដោយ APHR។ «ការ​វាយតម្លៃ​ដែល​មិន​អាច​ជឿ​បាន​នៅក្នុង​របាយការណ៍​របស់​ APHR គ្រាន់​តែ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ខ្មៅ​​ងងឹត​របស់​បុគ្គល​មួយ​ចំនួន​តូច​ដែល​ពុំ​បាន​យោង​លើ​ការ​ពិត​ជាក់ស្តែង​មុន​នឹង​ធ្វើការ​ចោទប្រកាន់​ទាំង​ទទឹង​ទិស​របស់​ពួកគេ»។

APHR កាលពី​ថ្ងៃ​ទី ២០ ខែ​មីនា​បាន​ចេញ​របាយការណ៍​មួយ​រិះគន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​ថ្មីៗ​នេះ​ថា​ជា​ការ​យាយី​ផ្លូវ​ច្បាប់​លើ​គណបក្ស​ប្រឆាំង​ និង​បង្កើត​ឲ្យ​មាន​​ «បរិយាកាស​ភ័យខ្លាច» ដែល​ជា​សញ្ញា​នៃ​ការ​រំលាយ​របប​ប្រជាធិបតេយ្យ​ជា​ប្រព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​ការ​បោះឆ្នោត​ខាង​មុខ ថា​តើ​មាន​លក្ខណៈ​ស្រប​​ច្បាប់​ឬ​អត់?

របាយការណ៍​នោះ​មាន​ឈ្មោះ​ថា «កណ្តឹង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​» បាន​រៀបរាប់​លម្អិត​ពី​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ និង​រដ្ឋសភា​ពី​សំណាក់​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ ដើម្បី​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បង្កើត​នូវ «ស្រមោល​ងងឹត​ពាសពេញ​សង្គម​កម្ពុជា​»​។

ក្រសួង​ការបរទេស​បាន​តប​វិញ​ថា​៖ «ច្បាប់​ស្តីពី​គណបក្ស​​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នេះ​មិន​មាន​ការ​គំរាមកំហែង​ណា​មួយ​ឡើយ​ដល់​គ្រឹះ​នៃ​ប្រព័ន្ធ​ពហុបក្ស​ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ ដូច​នៅ​​តាម​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នានា​ដែរ​ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ​មាន​គោលបំណង​ទប់ស្កាត់​រាល់​ការ​រំលោភ​បំពាន​ដែល​មិន​ស្រប​ទៅ​តាម​គោលការណ៍​​​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដូច​ការ​ញុះញង់​ឲ្យ​មាន​សម្អប់​ជាតិ​សាសន៍​ ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ការ​បំផ្លិច​បំផ្លាញ​ដល់​គ្រឹះសង្គម​របស់​ប្រជាជាតិ​ជាដើម»។

លោកស្រី មូរ សុខហួរ សមាជិក​​រដ្ឋសភា​កម្ពុជា​ និង​ជា​សមាជិក​នៃ​ APHR ផង​ដែរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ការ​ច្រាន​ចោល​នូវ​ការ​រិះគន់​គឺជា​រឿង​ធម្មតា​របស់​រដ្ឋាភិបាល​។

លោកស្រី​ថ្លែង​ថា​៖ «របាយការណ៍​នេះ​គឺ​ផ្អែក​លើ​ការ​ពិត​។...ពួកគេ​គួរ​តែ​ស្វាគមន៍ ឬ​ទទួល​ស្គាល់​ទៅវិញ​ទេ​នូវ​ការ​រិះគន់​ និង​និយាយ​ថា​បើក​ចំហ​ចំពោះ​​រឿង​ទាំង​ហ្នឹង។ គេ​មិន​គួរ​វាយប្រហារ​ថា​លោក Charles Santiago ថា​រិះគន់​ដែល​វា​ហាក់​ដូចជា​ការ​គំរាម​កំហែង​អ៊ីចឹង»។

លោក Charles Santiago ជា​ប្រធាន APHR និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី​បាន​រិះគន់​លើ​ស្ថានភាព​នយោបាយ​កម្ពុជា​សព្វថ្ងៃ​ដោយ​លោក​ថ្លែង​​ថា​វិសោធនកម្ម​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ណា​ដែល​មេដឹកនាំ​មាន​ទោស​។

លោក​ថា៖«ច្បាប់​ថ្មី និង​ការ​វាយប្រហារ​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ស្រុង​លើ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​ការងារ​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ប្រជាជន​​ និង​ផ្តោត (ទិសដៅ) អនាគត»។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក Charles Santiago ​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា​ការ​ច្រាន​ចោល​នូវ​របាយការណ៍​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​នូវ​ការ​រិះគន់​បែប​ស្ថាបនា​ទាំង​នេះ​។

លោក​ថ្លែង​ថា៖ «រដ្ឋាភិបាល​ខ្វះ​នូវ​សមត្ថភាព​ក្នុង​ការ​ទទួល​យក​ការ​រិះគន់​បែប​ស្ថាបនា ឬ​ខ្វះ​ការ​ចូលរួម​ក្នុង​ការ​ស្វែងរក​​វិធី​ដើម្បី​កែលម្អ​វិស័យ​នានា​ដែល​​ប្រទេស​ភាគច្រើន​ក៏​មាន​កន្លែង​ដែល​ត្រូវ​កែ​ដែរ​»៕
ភ្នំពេញ​ប៉ុស្តិ៍ Thu, 23 March 2017

Aucun commentaire:

Enregistrer un commentaire