news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 11 novembre 2017

HRW ស្នើ​មេដឹកនាំ​ពិភពលោក​ដាក់​សម្ពាធ​លោក ហ៊ុន សែន នៅ​សន្និសីទ​កំពូល​អាស៊ាន

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​ក្រុម​មេដឹកនាំ​ពិភពលោក​ដាក់​សម្ពាធ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​មេដឹកនាំ​កំពូលៗ​នៅ​លើ​ពិភពលោក គ្រោង​នឹង​ជួបប្រជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក ឬ​ហៅ​ថា អេប៉ិច (APEC) និង​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​របស់​សមាគម​អាស៊ាន ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម និង​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។

​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​ពិភពលោក រួមមាន​សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី កាណាដា អូស្ត្រាលី និង​ម៉ិកស៊ិក ដែល​នឹង​ចូលរួម​បើក​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ឬ​ហៅ​ថា អេប៉ិច (APEC) និង​សន្និសីទ​ប្រចាំ​ឆ្នាំ​កំពូល​អាស៊ាន ឲ្យ​លើក​យក​បញ្ហា​វិបត្តិ​នយោបាយ និង​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​នឹង​បញ្ហា​ក្តៅៗ​ក្នុង​តំបន់​ដទៃ​ទៀត​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​ទាំង​ពីរ​នេះ។
លោក ប្រ៊េដ អាដាម ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​ដែល​មេដឹកនាំ​ពិភពលោក​ទាំងនេះ គួរ​រួមគ្នា​បង្កើន​ការ​គាបសង្កត់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក​បញ្ឈប់​នូវ​យុទ្ធនាការ​វាយ​ប្រហារ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​មូលដ្ឋាន​ប៉ុនប៉ង​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​នេះ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ដែល​មិន​មែន​ជា​ការពិត។
លោក ប្រ៊ែដ អាដាម ថ្លែង​ថា ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងតែ​ឈាន​ទៅ​រក​ការ​បរាជ័យ​ហើយ ខណៈ​ដែល​មាន​សន្និសីទ​អាស៊ាន​នេះ។ លោក​បន្ត​ថា ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា គួរ​ថ្កោលទោស​នូវ​រាល់​កិច្ចប្រឹងប្រែង​ជម្នះ​របស់​លោក ហ៊ុន សែន ដើម្បី​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​តាម​បែប​ឯក​បក្ស​ក្នុង​ប្រទេស​កម្ពុជា​នេះ ហើយ​ត្រូវ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​នូវ​សំណុំរឿង​ប៉ុនប៉ង​រម្លាយ​គណបក្ស​ប្រឆាំង និង​ដោះលែង​មេដឹកនាំ​គណបក្ស​នេះ ដែល​លោក​ថា ធ្វើ​ឡើង​ក្រោម​បទចោទប្រកាន់​ដែល​ជា​ការ​ប្រឌិត​ឡើង​សុទ្ធសាធ។
​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក បាន​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​គាស់​រម្លើង​សម្បក​លទ្ធិប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​ចុងក្រោយ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​មក​លើ​សំឡេង​អ្នក​រិះគន់ និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជាមួយ​នឹង​ការ​បង្កើត និង​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​នានា ដើម្បី​រឹបអូស​យក​អាសនៈ​គណបក្ស​ប្រឆាំង ដែល​ក្រុម​អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ថា ជា​ការ​ជាន់​ឈ្លី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។ នៅ​ទី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ តុលាការ​កំពូល ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច នឹង​បើក​សវនាការ​លើ​សំណុំរឿង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ករណី​នយោបាយ បង្កើត​ឡើង​ដើម្បី​ឲ្យ​គណបក្ស​កាន់​អំណាច​អាច​ដណ្ដើម និង​ធានា​ជ័យជម្នះ​រួចជាស្រេច​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៨ មក​ដល់។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចេញផ្សាយ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ច​សន្ទនា​ក្រៅ​ផ្លូវ​ការ​រវាង​ថ្នាក់ដឹកនាំ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក និង​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា តប​តាម​ការ​អញ្ជើញ​ប្រធាន​រដ្ឋ​វៀតណាម លោក ត្រាន ដាយក្វាង។ កិច្ច​សន្ទនា​នេះ ធ្វើ​ឡើង​ក្រោម​មូលបទ «ការ​ចូលរួម​ជា​ដៃគូ​ដើម្បី​ថាមភាព​ថ្មី​សម្រាប់​សមាហរណកម្ម និង​ការ​ត​ភ្ជាប់​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក»
ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម លោក ហ៊ុន សែន ក៏​គ្រោង​នឹង​ជួប​លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម ផង​ដែរ។
សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ឲ្យ​ដឹង​ដែរ​ថា លោក ហ៊ុន សែន ក៏​នឹង​បន្ត​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​សន្និសីទ​កំពូល​អាស៊ាន  និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ក្រោម​មូលបទ «រួម​គ្នា​ជា​ដៃគូ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ រួម​ចំណែក​ជាមួយ​ពិភពលោក» ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា។ បន្ថែម​ពី​លើ​នេះ លោក ហ៊ុន សែន ក៏​គ្រោង​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ាលខុម ថើនបុល (Malcolm Turnbull) នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូញ៉ូ ហ្គុយតេរេស (Antonio Guterres)។ យ៉ាង​ណា​ក៏ដោយ ពុំ​មាន​ការ​បញ្ជាក់​ណា​មួយ​ថា នឹង​មាន​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឡើយ​។​
​ឆ្នាំ​២០១៧​នេះ គឺជា​ខួប​លើក​ទី ៥០ នៃ​សមាគម​អាស៊ាន ដែល​មាន​ប្រជាជន​សរុប​ជិត ៦២២​លាន​នាក់ មក​ពី​ប្រទេស​ចំនួន ១០ នៅ​តំបន់​អាស៊ីអាគ្នេយ៍។ សន្និសីទ​កំពូល​អាស៊ាន​លើក​ទី​៣១ នេះ នឹង​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ​ប្រចាំ​តំបន់។

​ក្រៅ​ពី​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​លើ​ពិភពលោក​ទាំង​នេះ ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដដែល​នេះ ក៏បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូលៗ​ពិភពលោក​ទាំង​នេះ លើក​យក​ពី​បញ្ហា​បារម្ភ​នានា នៃ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​អាស៊ាន​ដទៃ​ទៀត រួមមាន​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម បញ្ហា​គ្រឿងញៀន​នៅ​ប្រទេស​ហ្វីលីពីន និង​របប​ផ្តាច់​ការ​យោធា​នៅ​ប្រទេស​ថៃ មក​ដោះស្រាយ​ផង​ដែរ៕

ដោយ មាន ឫទ្ធិ
2017-11-09

Aucun commentaire:

Enregistrer un commentaire