ភ្នំពេញៈ ទោះបីជាមានការហាមឃាត់ការនាំចេញឈើ
និងការប្រកាសម្តងហើយម្តងទៀតរបស់រដ្ឋាភិបាលថាការកាប់ឈើ
«ខ្នាតធំ» ត្រូវបានបញ្ឈប់ក្តី ក៏ទិន្នន័យរបស់គយវៀតណាម
ដែលបានចងក្រងដោយអង្គការឃ្លាំមើលព្រៃឈើ Forest Trends
បង្ហាញអំពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់អំពីការនាំចូលឈើហុប
និងឈើអារពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៧។
ទិន្នន័យនោះបានបង្ហាញថា ឈើប្រមាណ ១៦៣០៧១ ម៉ែត្រគុបរបស់កម្ពុជា
ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៧
ពោលគឺមានការកើនឡើងចំនួន ១៧ ភាគរយលើសពីឆ្នាំមុន
ហើយតម្លៃនៃការនាំចេញ បានកើនឡើងដល់ ២១ %គឺស្មើនឹងទឹកប្រាក់ ៤០
លានដុល្លារ។
ទន្ទឹមនឹងនេះដែរ តួលេខការនាំចេញឈើអារ
ហាក់បានបង្ហាញអំពីការកើនឡើងបន្ថែមទៀត ជាពិសេសនៅក្នុងរដូវប្រាំង។
នេះបើតាមលោក Phuc Xuan To ដែលជាអ្នកវិភាគជាន់ខ្ពស់របស់អង្គការ
Forest Trends។
ទិន្នន័យបានបង្ហាញអំពីកំណើននៃការនាំចេញ ដែលបានកើនឡើងជិត ៦០
ភាគរយគឺពីចំនួន ១៧១ ៣០៦ ម៉ែត្រគុប ដល់ ២៧២៦៩៣ ម៉ែត្រគុប គឺកើនជិត ២៥
លានដុល្លារ ដែលធ្វើឲ្យតម្លៃកើនរហូតដល់ជាង ១៧៣ លានដុល្លារ។
លោក Xuan To បានឱ្យដឹងតាមរយៈអ៊ីមែលថា
ច្រកព្រំដែនឆ្លងកាត់ចំនួន ៣
ត្រូវបានគេមើលឃើញថាកំណើនដឹកឈើប្រណីត
មានការកើនឡើងខ្ពស់បំផុតក្នុងពាក់កណ្តាលឆ្នាំ ២០១៧
ក្នុងនោះរួមមានច្រក Le Thanh ដែលតភ្ជាប់ទៅស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី។ ច្រក Bo Y តភ្ជាប់ទៅឧទ្យានជាតិវីរៈជ័យ
កាត់តាមផ្លូវមួយឆ្លងកាត់ប្រទេសឡាវ និងច្រក Hoa Lu
ដែលតភ្ជាប់ទៅកាន់ខេត្តក្រចេះ។
លោក Jago Wadley
មន្ត្រីជាន់ខ្ពស់ផ្នែកយុទ្ធនាការព្រៃឈើរបស់អង្គការស៊ើបអង្កេតបរិស្ថាន
(EIA) ថ្លែងតាមរយៈអ៊ីមែលថា៖ «ការហាមនាំចេញឈើ
និងផលិតផលឈើរបស់ប្រទេសកម្ពុជា គឺពិតជាគ្មានន័យនោះទេ
ចំពោះក្រុមហ៊ុនមួយចំនួនដែលជាអ្នកគ្រប់គ្រងការនាំចេញឈើទៅកាន់ប្រទេសវៀតណាម»។
អង្គការនេះបានរកឃើញថា នៅចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧
យុទ្ធនាការសម្របសម្រួលរវាងក្រុមហ៊ុនវៀតណាម និងមន្ត្រីទាំង ២
ភាគីនៅច្រកព្រំដែន បានធ្វើឲ្យការនាំចេញឈើមានប្រមាណ ៣៥០ ០០០
ម៉ែត្រគុបក្នុងរយៈពេលត្រឹមតែ ៥ ខែប៉ុណ្ណោះ។
«ស្ថាប័នរដ្ឋាភិបាលវៀតណាមទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត
បានចេញកូតាអនុញ្ញាតឲ្យនាំចូលឈើដែលអាចជាឈើមិនស្របច្បាប់ពីប្រទេសកម្ពុជា
ដូច្នេះ ចំណុចនេះ ហើយដែលបានបង្កើតច្រកឆ្លងកាត់ពិសេសៗ
ដើម្បីសម្រួលដល់ការរត់ពន្ធឈើខុសច្បាប់ និងពន្ធដារជាដើម»។
លោកបញ្ជាក់ថា៖ «ទិន្នន័យថ្មីនេះបង្ហាញថា
រដ្ឋាភិបាលវៀតណាមបានបន្តយកពន្ធលើផលចំណេញពីបទល្មើសព្រៃឈើនៅកម្ពុជាដែលនាំចូលទៅ»។
ការវិភាគទិន្នន័យគយដោយភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA)
ពីខែតុលាឆ្នាំ ២០១៦ រហូតដល់ខែកញ្ញាឆ្នាំ ២០១៧ លើប្រភេទឈើផ្សេងៗ
បានបង្ហាញថា គោលដៅសំខាន់បំផុត គឺឈើប្រភេទ Xylia dolabriformis Benth
ដែលនៅក្នុងប្រទេសកម្ពុជាត្រូវបានគេស្គាល់ថា ជាឈើសុក្រំ។
ឈើប្រណីតនេះមានចំនួន ២១ %
នៃបរិមាណឈើនាំចូលក្នុងអំឡុងពេលនោះ។ ទន្ទឹមនឹងនេះដែរប្រហែល ១៥
% គឺជាឈើទាល ហើយបរិមាណស្រដៀងគ្នានេះដែរគឺឈើធ្នង់។
លោក សាយ សំអាល់
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបដិសេធធ្វើអធិប្បាយលើកលែងតែមានលិខិត
ឬទិន្នន័យជាផ្លូវការ។ ចំណែកឯលោក សៅ សុភាព
អ្នកនាំពាក្យក្រសួងថ្លែងថា
ដោយសារតែទិន្នន័យនេះត្រូវបានចងក្រងដោយអង្គការ Forest Trends
និងមិនបានចេញមកដោយផ្ទាល់ពីរដ្ឋាភិបាលវៀតណាម
ដូច្នេះហើយត្រូវធ្វើ «ការផ្ទៀងផ្ទាត់» មុននឹងសន្និដ្ឋាន។
ក្នុងពិធីមួយដែលរៀបចំឡើងដោយក្រុមធុរកិច្ច EuroCham Cambodia
កាលពីខែមករា លោក សាយ សំអាល់ បានអះអាងម្តងហើយម្តងទៀតថា
មានតែការកាប់ឈើ «ខ្នាតតូច» ប៉ុណ្ណោះ ដែលនៅសល់។
កាលពីសប្តាហ៍មុន អ្នកដើរល្បាតព្រៃឈើចំនួន ៣
នាក់ត្រូវបានគេបាញ់សម្លាប់
ហើយអ្នកដែលត្រូវបានចោទប្រកាន់គឺជាមន្ត្រីប៉ូលិសព្រំដែន
និងទាហានដែលបានឃុបឃិតជាមួយអ្នកកាប់ឈើជនជាតិវៀតណាមខុសច្បាប់ដែលលួចឆ្លងដែន។
ប្រធានឧទ្យានជាតិកែវសីមា លោក គង់ ពុទ្ធារ៉ា
បានបន្ទាបទំហំកាប់ឈើនៅក្នុងតំបន់នោះ ដោយលោកបានថ្លែងថា៖
«មានតែថ្ងៃដែលមានករណីបាញ់សម្លាប់មនុស្ស ៣ នាក់នោះប៉ុណ្ណោះ
ក្រៅពីហ្នឹងគឺមិនមានអ្វីកើតឡើងទេ»។
តាមរយៈសារអេឡិចត្រូនិកក្នុងសប្តាហ៍នេះលោក អ៊ូច ឡេង
អ្នកបរិស្ថានដែលបានទទួលពានរង្វាន់ Goldman ថ្លែងថា
ពាណិជ្ជកម្មឈើឆ្លងកាត់ព្រំដែន ជាមួយវៀតណាមគឺជា
«មូលហេតុចម្បងមួយនៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា»។
លោក ឡេង
បានអំពាវនាវឱ្យសហភាពអឺរ៉ុបបញ្ឈប់ការនាំចូលឈើពីប្រទេសវៀតណាម
ដោយសារឈើទាំងនោះត្រូវបានគេនាំចេញពីកម្ពុជា
ហើយនាំចេញបន្តទៅកាន់ទីផ្សារសហភាពអឺរ៉ុប
ដែលជាលទ្ធផលធ្វើឲ្យមាន
«អំពើពុករលួយជាប្រព័ន្ធចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិ»៕
NS
Aucun commentaire:
Enregistrer un commentaire